(ភ្នំពេញ)៖ កិច្ចប្រជុំស្ដីពីការចុះអនុស្សរណៈលើគម្រោងអភិវឌ្ឍដើម្បីគាំទ្រដល់កុមារដែលនៅក្រៅសាលា ឬងាយបោះបង់ចោលការសិក្សា រវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិកាតាសម្រាប់ការអភិវឌ្ឍដើម្បីគាំទ្រដល់កុមារដែលនៅក្រៅសាលា ឬងាយបោះបង់ចោលការសិក្សា និងមិនអាចបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាបានដំណាក់កាលទី២ បានប្រព្រឹត្តតាមវីដេអូ Conference នៅថ្ងៃទី១៩ ខែវិច្ឆិកា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកអគ្គនាយក Khalifa Bin Jassim AL-Kuwari នៃប្រទេសកាតា។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះបានផ្ដល់ជាថវិកាចំនួន ១៣,៨២៣,៣៨៣ ដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការពង្រឹងវិស័យអប់រំរបស់ប្រទេសកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់លើកុមារងាយរងគ្រោះលើការសិក្សានៅកម្រិតបឋមសិក្សានៅទូទាំងប្រទេស និងក្នុងន័យស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចរីភាព២០៣០ ដោយមិនទុកនរណាម្នាក់ចោល។
បន្ថែមលើសពីនេះទៀត កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់នេះ ជាការឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិកាតាសម្រាប់ការអភិវឌ្ឍ។
តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិសភាចារ្យ បានសម្ដែងនូវការថ្លែងអំណរគុណចំពោះប្រទេសកាតា ដែលបានផ្តល់មូលនិធិចូលរួមចំណែកជួយកុមារកម្ពុជានៅកម្រិតបឋមសិក្សា ដែលមូលនិធិកាតាសម្រាប់ការអភិវឌ្ឍន៍នឹងជួយកុមារងាយបោះបង់ការសិក្សា ធានាឱ្យបាននូវការអប់រំប្រកបដោយសមធម៌ គ្រប់ជ្រុងជ្រោយ ហើយលើកកម្ពស់ឱកាសការសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប៕




