(ខេត្តកណ្តាល)៖ លោក នូវ សុខសម្បត្តិ តំណាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកមុខកំពូល ព្រមទាំងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកម៉ាស ដល់កម្មករជាង ១០០០នាក់ នៅបុរីវិមានភ្នំពេញ “មង្គលរតនៈ” គម្រោងទី៩ នៅព្រែកអញ្ចាញ ព្រមទាំងប្រជាពលរដ្ឋមួយចំនួន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងឱកាសនោះ លោក នូវ សុខសម្បត្តិ បានលើកឡើងថា ម៉ាស ដែលចែកជូនកម្មករ ចំនួន ២០ម៉ឺនម៉ាស នៃកញ្ចប់ ២លានម៉ាសរបស់រាជរដ្ឋាភិបាល នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លោក នូវ សុខសម្បត្តិ ក៏បានបញ្ជាក់បន្ថែម អំពី ការគិតគូរយកចិត្តទុកដាក់ជានិច្ចជាកាលនូវសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនកម្មករ កម្មការិនី និងបងប្អូន ដែលរស់នៅក្នុងសហគមន៍ក្រីក្រ។
ជាមួយគ្នានេះ លោកតំណាងឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងថា ទោះបីជាព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ក៏ដោយ ក៏សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយត្រូវអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួមមាន ត្រូវពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច ១ម៉ែត្រកន្លះ ដើម្បីទប់ស្កាត់ ការឆ្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គល ចូលក្នុងសហគមន៍។
ក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ បានណែនាំឲ្យកម្មករនៅបុរីវិមានភ្នំពេញ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាពសង្គម ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង៕




