(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា អ្នកប៉ះពាល់នឹងព្រឹត្តិការណ៍ ថ្ងៃ៣វិច្ឆិកា បានជាសះស្បើយពីជំងឺកូវីដ១៩ ម្នាក់ទៀត។ នោះគឺលោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ស ចិត្រា ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ក្រោយចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី អំឡុងពេលដំណើរទស្សនកិច្ច នៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល សរុបចំនួន ១៨០២នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ និងបានធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។
ជាលទ្ធផល មាន ៤នាក់ រកឃើញថា បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា មានម្នាក់ បានជាសះស្បើយ ហើយនៅថ្ងៃទី២០វិច្ឆិកា ក៏មានម្នាក់ទៀត ជាសះស្បើយ។ នៅសល់តែ ២នាក់ប៉ុណ្ណោះ គឺបុរសអង្គរក្សខ្មែរ ការពារលោករដ្ឋមន្ត្រីការបរទេសហុងគ្រី និងឯកអគ្គរដ្ឋទូតហុងគ្រី។ បុរសទាំងពីរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងនោះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកធ្វើចត្តាឡីស័ក នៅភ្នំពេញ កណ្តាល ព្រៃវែង ពោធិ៍សាត់ និងខេត្តកំពង់ធំ សរុបជាង ១៧០០នាក់ រួមមានទាំងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងអ្នកនៅជាមួយ ក៏ដូចជារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ និងអ្នកកាសែត បានបញ្ចប់ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងបានធ្វើតេស្ត ៤លើក ដោយមិនមានឆ្លងវីរុសកូវីដ១៩ ឡើយ។
នៅថ្ងៃទី២១ ខែវិច្ឆិកានេះ អ្នកត្រូវបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ គឺនៅខេត្តកំពង់ឆ្នាំង ចំនួន ១១នាក់។ សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្តកែប ចំនួន ១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ និងខេត្តកំពង់ចាម ចំនួនម្នាក់។ សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា គឺនៅខេត្តព្រះវិហារ ចំនួន ២០នាក់ និងខេត្តរតនគិរី ចំនួន ១០នាក់៕



