(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ថ្ងៃទី១៨ ខែវិច្ឆិកានេះ ជាថ្ងៃត្រូវធ្វើតេស្ត លើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍ ៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩ ចំពោះបុគ្គល ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ កន្លងមកនេះ ហើយក៏សម្រាប់ការអាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតា តាមបែបគន្លងថ្មីវិញផងដែរ។
ដូច្នេះក្នុងសេចក្តីប្រកាសនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាល បានប្រកាសគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី និងលោកអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ទាំងអស់ ចូលរួមធ្វើតេស្ត លើកទី៤នេះ ឲ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី អាគារមិត្តភាព ក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគ មានចំនួន ៣៩១៨វត្ថុសំណាក ( ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្ត លើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១៣៥២នាក់ ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា ដែលស្ថិតនៅក្នុងចំនួនអ្នកប៉ះពាល់នឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ហើយ៕




