(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់ សម្រាប់សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ ដូចនេះ ចាប់ពីថ្ងៃស្អែក១៩វិច្ឆកា២០២០ សម្តេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណ នៅខាងក្រៅ ដូចមុនថ្ងៃទី៤វិច្ឆកាឡើងវិញ។ តែសម្តេច នៅតែមិនទាន់ឱ្យកូន និងចៅរបស់សម្តេច មកផ្ទះរបស់សម្តេចមួយរយៈទៀត ដើម្បីធានាឱយប្រាកដថា សម្តេចគ្មានមេរោគចម្លងទៅកូន និងចៅរបស់សម្តេចនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះជាក្តីស្រឡាញ់ ដែលឪពុក និងជីតាផ្តល់ឱ្យកូនៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្តេចអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖
១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះជាសះស្បើយ ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន ៦៧នាក់ ខេត្តពោធិសាត់ចំនួន ៤០នាក់ ខេត្តព្រៃវែងចំនួន ២៣ នាក់ ខេត្តកំពង់ធំ ចំនួន ៣នាក់។
២.សម្រាប់ថ្ងៃ២១វិច្ឆិកា ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួន ១១នាក់។
៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន ១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ ខេត្តកំពង់ចាម ចំនួន ១នាក់។
៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារ ចំនួន ២០នាក់ ខេត្តរតនគិរី ចំនួន ១០នាក់។
សម្តេចតេជោ ក៏បានក្រើនរំលឹកចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានបងប្អូន កំពុងធ្វើចត្តាឡីស័ក ដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ ត្រូវណែនាំឱ្យបងប្អូនឱយបន្តធ្វើចត្តាឡីស័កឱយបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
សម្តេចបន្ថែមថា «ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។ ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេង និងស្មុគរស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង»។
សម្តេចតេជោ បន្តថា «បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ឆ្លៀតយកឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់»។
សម្តេចតេជោ ក៍សូមអរគុណផងដែរ ដល់បងប្អូន ដែលជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃតាមល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីសក័។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «បងប្អូនជនរួមជាតិជាទីគោរព! ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា មិនមែនមានន័យថា យើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុន ដើម្បីទប់ស្កាត់ឃាតកលាក់មុខ ដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផងដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «ត្រូវចងចាំថា ការដែលកម្ពុជាមានមនុស្សឆ្លងតិច នឹងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហម ពិសេសអាចប្រឆាំងជាមួយកូវីដ១៩ បាន ដូចមនុស្សខ្លះ បានអះអាងនោះទេ (ខ្ញុំសង្ឃឹមថា អ្នកអះអាងបែបនេះ នឹងមានសេចក្តីក្លាហានពិតប្រាកដ ចូលទៅបំរើអ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង?ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក) ។ ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។ ជោគជ័យរបស់យើង បានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព និងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ»។
សម្តេចបន្ថែមទៀតថា «យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱយក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតី ដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល»។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍៣វិច្ឆកា បានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើង និងបានណែនាំយើង ឱយមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធី ការពារប្រសើរ ជាងការព្យាបាល»៕



