(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យរឹតបន្តឹងនូវវិធានការប្រឆាំងនឹងមេរោគឆ្លង ខណៈមានការរីករាលដាលនៃជំងឺឆ្លងរាតត្បាតទូទាំងពិភពលោក។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សាយកាលពីថ្ងៃច័ន្ទ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សពលករកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកបានពិភាក្សាជាមួយអ្នកចូលរួម ដើម្បីបង្កើនវិធានការប្រឆាំងជាមួយជំងឺ COVID-19 បើទោះបីជាប្រទេសរបស់លោក នៅមិនទាន់មានករណីជំងឺនេះនៅឡើយក្ដី។
កិច្ចប្រជុំនេះបានកើតឡើងចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចជុំវិញការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩ ដែលកំពុងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចរបស់ប្រទេសដែលត្រូវបានវាយដំដោយការដាក់ទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។
នៅក្នុងកិច្ចប្រជុំនោះលោកគីមបានពិភាក្សាអំពីណែនាំអ្នកនៅឯកិច្ចប្រជុំនយោបាយឱ្យប្រុងប្រយ័ត្ន និងធ្វើឱ្យវិធានការប្រឆាំងនឹងការរីករាលដាលរបស់ប្រទេសរឹងមាំដូចដែក។ លោកបានមើលឃើញពីភាពចាំបាច់នៃការពង្រឹងការការពារ ដោយសារតែឥឡូវនេះប្រទេសមួយចំនួនមានការផ្ទុះក្នុងចំនួនច្រើនឡើងវិញ។
ជាមួយគ្នានេះ កូរ៉េខាងជើងក៏ហាក់មិនចាប់អារម្មណ៍ចំពោះការឈ្នះឆ្នោតរបស់លោក ចូ បៃដិន ដែលជាប្រធានាធិបតីអាមេរិកថ្មីផងដែរ ដោយសារតែរហូតមកទល់ពេលនេះគ្មានបណ្ដាញផ្សព្វផ្សាយនៅកូរ៉េខាងជើងណានិយាយពីគាត់ឡើយ ប៉ុន្តែពួកគេបានតាមដានលោក ដូណាល់ ត្រាំ ដែលកំពុងបន្ដប្ដឹងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ ដោយលោក ដូណាល់ ត្រាំ បានចោទថាមានការក្លែងបន្លំ៕



