(បាងកក)៖ មនុស្ស ៥៥នាក់រងរបួស ក្នុងចំណោមនោះ៦នាក់បានត្រូវគ្រាប់កាំភ្លើង ខណៈក្រុមបាតុករដែលដង្ហែរក្បួនទៅកាន់សភាថៃ បានប៉ះទង្គិចជាមួយក្រុមប៉ូលិស និងក្រុមប្រឆាំងរាជានិយម ក្នុងអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីចលនាបាតុកម្មដឹកនាំដោយយុវជនថ្មីបានកើតឡើងក្នុងខែកក្កដា។
កាលពីថ្ងៃអង្គារម្សិលមិញនេះប៉ូលីសបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ារាប់ពាន់នាក់ ដែលព្យាយាមកាត់របាំងលួស និងដករបាំងបេតុងដែលបាំងនៅខាងក្រៅរដ្ឋសភាចេញ។ ប៉ុន្តែក្រុមប៉ូលីសបានបដិសេធថា ពួកគេមិនបានបាញ់ដោយប្រើគ្រាប់កាំភ្លើងពិត ឬគ្រាប់កាំភ្លើងជ័រនោះទេ និងបាននិយាយបន្ថែមថា ពួកគេកំពុងតែស៊ើបអង្កេតថាតើអ្នកណាអាចប្រើអាវុធ។
ភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសថៃ នៅមុនពេលសមាជិកសភានឹងធ្វើការបោះឆ្នោតលើសំណើមួយ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនៅថ្ងៃពុធនេះ។ សភារបស់ថៃកាលពីថ្ងៃអង្គារបានចាប់ផ្តើមការជជែកពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មចំនួន ៧ នៅក្នុងសម័យប្រជុំរយៈពេល ២ថ្ងៃ របស់ខ្លួន ខណៈក្រុមបាតុករវ័យក្មេងគាំទ្រសំណើរបស់ក្រុមស៊ីវិល ដែលពួកគេស្វែងរកការដកហូតមាត្រាក្រម ដែលបានផ្តល់អំណាចយោធានៅក្នុងនយោបាយ ក៏ដូចជាធ្វើកំណែទម្រង់រាជាធិបតេយ្យ៕




