(ភ្នំពេញ)៖ «បញ្ឈប់ការយកសម្រាមជាចំណាប់ខ្មាំងទៀតទៅ! យើងមិនអាចបន្តអនុញ្ញាតឱ្យអ្នកយកសម្រាមធ្វើជាចំណាប់ខ្មាំងដើម្បីតថ្លៃលើការទាមទារផ្ទុយពីច្បាប់ឡើយ»។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា។
លោក ម៉េត មាសភក្តី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនបន្តថា៖ «រដ្ឋបាលរាជធានីបានព្យាយាមសម្របសម្រួល ពន្យល់ណែនាំគ្រប់ទិដ្ឋភាព រួមទាំងទិដ្ឋភាពច្បាប់ការងារ ដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងទាមទារលក្ខខណ្ឌមិនសមស្របមួយចំនួន។
ប៉ុន្តែទោះឈរលើស្មារតីយោគយល់ចំពោះអាកប្បកិរិយារឹងរូសទាំងនេះក៏ដោយ ក៏ស្ថានភាពមិនអំណោយផលដល់ការបន្តរង់ចាំ ហើយជម្រើសនៃការប្រើកម្លាំងពលកម្មថ្មី ត្រូវតែបង្ខំចិត្តអនុវត្ត ដើម្បីកែប្រែស្ថានការណ៍នៃការសំអាតទីក្រុងឡើងវិញ»។
ជាមួយគ្នានេះ អ្នកនាំពាក្យសាលារាជធានី បានអំពាវនាវដល់បងប្អូនកម្មករប្រមូលសម្រាមដែលកំពុងធ្វើកូដកម្ម សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ។ លោកជឿជាក់ថា បងប្អូននឹងវិលត្រឡប់មកធ្វើការបំពេញតួនាទីរៀងៗខ្លួនឡើងវិញ ដើម្បី “ទីក្រុងយើងទាំងអស់គ្នាស្អាត” ។
លោកបានបន្ថែមទៀតថា៖ «ពិតជាត្រូវបន្ថែមបន្ទុកដល់បងៗប្រជាការពារ និងអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ គ្រប់ជាន់ថ្នាក់ដែលកំពុងដុតដៃដុតជើងប្រមូលកើបក្នុងអន្តរកាលមួយនេះ និងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង។ សូមអរគុណដល់ការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងស្ថានភាពដែលកំពុងដោះស្រាយនេះ»។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលានេះ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនចូលចំពេញការងារ ដើម្បីទាមទារឲ្យថៅកែបើកប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដល់ពួកគេ។ ការធ្វើកូដកម្មនេះ គឺដោយសារបុគ្គលិកមានការព្រួយបារម្ភថា ក្រុមហ៊ុននេះកាត់បន្ថយទីតាំងប្រមូលសំរាមតាមខណ្ឌឬត្រូវបិទទ្វារ។
ការព្រួយបារម្ភរបស់កម្មករកើតឡើង ខណៈដែលអាជ្ញាធររាជធានីភ្នំពេញមានគម្រោងបែងចែកការគ្រប់គ្រងសំរាមទាំង១៤ខណ្ឌ ជាបីតំបន់ឲ្យក្រុមហ៊ុនចំនួន៣ ដែលជ្រើសរើសចេញពីការដេញថ្លៃរបស់សាលារាជធានីភ្នំពេញ។
ស្របពេលកម្មករក្រុមហ៊ុន ស៊ិនទ្រី កំពុងធ្វើកូដកម្ម សាលារាជធានីភ្នំពេញបានបញ្ចេញរថយន្តដឹកសំរាម៧០គ្រឿង និងរ៉ឺម៉ក១៥០គ្រឿងតាម សង្កាត់ទាំង១៥០ ដើម្បីប្រមូលសំរាម និងស្នើឲ្យពលរដ្ឋបញ្ចេញសំរាមណាដែលងាយរលួយចេញមុន ជៀសវាងការបង្កឲ្យមានក្លិននៅតាមដងផ្លូវ។ ចំណែកសំរាមរឹង ឬសំរាមណាដែលមិនងាយរលួយ ពលរដ្ឋត្រូវទុកសិន ដើម្បីជួយសម្រួលដល់ក្រុមកម្លាំងអាជ្ញាធរ ដែលចុះប្រមូលសំរាមតាមតំបន់ មុនពេលដំណោះស្រាយត្រូវបានបញ្ចប់៕




