(អន្តរជាតិ)៖ នៅរង្វង់ផ្ទៃក្នុងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងចាប់ផ្តើមបែកបាក់គំនិតគ្នាជុំវិញការបដិសេធជាបន្តរបស់លោក ដូណាល់ ត្រាំ ចំពោះលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។ កូនប្រសារគឺលោក Jared Kushner និងលោកជំទាវទី១ Melania Trump បានណែនាំឱ្យលោក ដូណាល់ ត្រាំ ទទួលស្គាល់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូ បៃដិន។
ប្រភពចំនួនពីរបានប្រាប់ទូរទស្សន៍ CNN ថា លោក Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតីនិងជាទីប្រឹក្សាជាន់ខ្ពស់បានផ្តល់យោបល់នេះ។ យោងតាមប្រភពមួយទៀត ភរិយាលោកដូណាល់ ត្រាំ គឺលោកស្រី Melania Trump ក៏បានប្រាប់ដែរថា គាត់ត្រូវទទួលយកការបាត់បង់ក្នុងការបោះឆ្នោតនេះ។
មិនត្រឹមតែក្នុងគ្រួសារ សូម្បីលោកអតីតប្រធានាធិបតី George W. Bush ដែលនៅក្នុងបក្សសាធារណរដ្ឋដែរនោះ ក៏បានចេញសារជាសាធារណៈទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ដែរ។ មេដឹកនាំពិភពលោកសំខាន់ៗ រួមមាន បារាំង អង់គ្លេស និងកាណាដា ក៏ថ្លែងសារស្វាគមន៍ជ័យជម្នះរបស់លោក ចូ បៃដិន ផងដែរ៕




