(ភ្នំពេញ)៖ ប្រធានសមាគមអចលនទ្រព្យសកល(GRA)លោកសំ សុខនឿន បានអំពាវនាវដល់ភ្នាក់ងារអចលនទ្រព្យអាជីពទាំងអស់ គួរសិក្សាអំពីគម្រោងអចលនទ្រព្យដែលខ្លួនទទួលសិទ្ធិលក់ឲ្យបានច្បាស់លាស់ មុននឹងលក់ជូនអតិថិជន។
អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនឆ្នាំរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា”ខ្ញុំបាទ សំ សុខនឿន (សេម) ជាប្រធានសមាគមអចលនទ្រព្យសកល សូមអំពាវនាវឲ្យភ្នាក់ងារអចលនទ្រព្យអាជីពទាំងអស់ គួរសិក្សាអំពីគម្រោងខុនដូ គម្រោងបុរី ឬគម្រោងដីឡូតិ៍ឲ្យបានច្បាស់លាស់នូវភាពស្របច្បាប់ លក្ខខណ្ឌដែលមានក្នុងកិច្ចសន្យាទិញលក់ ជាពិសេសបច្ចុប្បន្នភាពនៃដំណើរការសាងសង់របស់គម្រោងនីមួយៗឲ្យបានច្បាស់លាស់”។
លោកសំ សុខនឿន បានបញ្ជាក់អំពីមូលហេតុដែលលោកអំពាវនាវថា ព្រោះក្នុងករណីដែលអ្នកទិញ បានទិញគម្រោងណាមួយដែលមានបញ្ហា នាំឲ្យមានផលប៉ះពាល់ដល់វិស័យអចលនវត្ថុនៅកម្ពុជា។
បើតាមប្រធានសមាគមអចលនទ្រព្យសកលរូបនេះ បានបញ្ជាក់ថា ការតាមដានបច្ចុប្បន្នភាពនៃការសាងសង់របស់គម្រោងនីមួយៗ គឺជាតួរនាទីរបស់ភ្នាក់ងារអាជីពដើម្បីធានាឲ្យបាននូវសុវត្ថិភាពនៃការវិនិយោគរបស់អតិថិជន ក៏ដូចជាការរួមគ្នាការពារភាពរឹងមាំវិស័យអចលនវត្ថុនៅកម្ពុជា៕



