(សហរដ្ឋអាមេរិក)៖ អ្នកណាជាជំទាវធំទី៤៦ នៃសហរដ្ឋអាមេរិក? គឺលោកស្រី Jill Tracy Jacob ដែលមានឪពុកជាជនជាតិអ៊ីតាលី ដែលមានត្រកូល Giacoppa តែក្រោយមកបានដូរអោយមានសំនៀងអង់គ្លេសជា Jacob និងម្តាយជាអ្នកបម្រើរបស់លោក Giacoppa សញ្ជាតិអង់គ្លេស។ នេះបើតាមការឲ្យដឹងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី៨ ខែវិច្ឆិកានេះ។
ឯកឧត្តមបានឲ្យដឹងបន្តថា លោកស្រីកើតនៅឆ្នាំ ១៩៥១ នៅ New Jersey តែបានទៅរស់នៅក្នុងរដ្ឋ Pennsylvania វិញ។ លោកស្រីបានរៀបការជាលើកទី១ នៅឆ្នាំ ១៩៧០ ហើយបានលែងគ្នា ៤ឆ្នាំក្រោយ។ លោកស្រីបានជួបលោក Joe Biden នៅឆ្នាំ ១៩៧៥ ក្នុងពេលដែលលោកស្រីរៀនបញ្ចប់ថ្នាក់សាស្ត្រាចារ្យ ( លោកស្រីជាគ្រូបង្រៀនភាសាអង់គ្លេស ) ហើយអ្នកទាំង ២ បានរៀបការជាមួយគ្នានៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៨១ បានមានកូនស្រីមួយ។ អ្វីដែលខុសប្លែកពីជំទាវមុនៗគឺនៅពេលដែលប្តីលោកស្រីក្លាយជាអនុប្រធានាធិបតីអស់រយៈពេល ៨ឆ្នាំ ក្នុងសម័យលោក អូបាម៉ា លោកស្រីមិនបានបោះបង់ការងារបង្រៀនរបស់លោកស្រីឡើយ។ នៅពេលដែលគេសួរលោកស្រីពីបំណងទី ១ របស់លោកស្រីនៅពេលក្លាយជាជំទាវទី១ នៃសហរដ្ឋអាមេរិក លោកស្រីបានប្រាប់ថា លោកស្រីចង់លើកដម្កើងវិស័យអប់រំនៅអាមេរិក អោយបានល្អជាងមុន៕



