(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ លី ស្រីវីណា ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A ផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខសត្រូវមន្ទីរសម្រាកព្យាបាលខាងលើនេះ ដោយមូលហេតុពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសង្គ្រោះអ្នកជំងឺ។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី៨ ខែវិច្ឆិកា។
តាមសេចក្ដីសម្រេចរបស់ក្រសួងបញ្ជាក់ទៀតថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ត្រូវអនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាព។ សេចក្ដីសម្រេចនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បុរសម្នាក់ជាមេធាវី ទេព ពៅ បានស្លាប់នៅក្នុងមន្ទីរពេទ្យ លី ស្រីវីណា បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកជិតខាង ដែលចូលមកព្យាបាល ហើយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨ និង៣០ នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅគ្លីនិក លី ស្រីវីណា ខាងលើ៕




