(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ អបអរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា។
ជារៀងរាល់ឆ្នាំ មុនថ្ងៃបុណ្យទិវាឯករាជ្យជាតិ៩វិច្ឆិកា ថ្នាក់ដឹកនាំទាំងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ និងតែងតែអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និង ថ្វាយកម្រងផ្កា នៅព្រះបរមរូបរបស់ព្រះបរមរតនកោដ្ឋ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ព្រឹកស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលជាខួបលើកទី៦៧ នៅវិមានឯករាជ្យ៕




