ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ២,៧លានដុល្លារ ​និងឥណទានសម្បទានប្រមាណ ​២២៧លានដុល្លារ ដល់កម្ពុជា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៣០០លានយ៉េនប្រមាណ ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េនប្រមាណ ២២៧ លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លិខិតប្តូរសារសម្រាប់ផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរបស់ជប៉ុន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

១. ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

តាមរយៈហិរញ្ញប្បទានឥតសំណងសម្រាប់“កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា៣០០លានយ៉េន(ប្រមាណ ២,៧ លានដុល្លារអាមេរិក)ដល់អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់អង្គភាពខាងលើ តាមរយៈការផ្តល់សម្ភារៈរួមមានយានយន្តសម្រាប់ការពារសន្តិសុខដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិចសម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។ សម្ភារៈទាំងនេះនឹងជួយឲ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជាសន្និសិទអន្ដរជាតិនាពេលខាងមុខប្រារព្ធធ្វើឡើងប្រកបដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន។

២. ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩

ឥណទានសម្បទានសម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន២៥ ប៊ីលានយ៉េន( ប្រមាណ ២២៧ លានដុល្លារអាមេរិក)ដល់កម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយការរីករាលដាលជាសកលនៃវីរុសកូវីដ១៩។ តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះនឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ រក្សាលំនឹងនិងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម។  ឥណទាននេះគឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង៥ ប៊ីលានយ៉េន (ប្រមាណ ៤៥ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។ តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ  ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រនិងងាយរងគ្រោះ និង ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនរួមទាំងសហគ្រាសធុនតូច និងមធ្យម។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ម្នាក់ៗស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា។

សូមជម្រាបថា លិខិតប្តូរសារនៃគម្រោងទាំងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយដោយរដ្ឋាភិបាលចិន
ព័ត៌មានជាតិ
Breaking News: លោក Joe Biden កំពុងនាំមុខ​ លោក Donald Trump នៅក្នុងរដ្ឋ Georgia
ព័ត៌មានជាតិ
រដ្ឋាភិបាល និងផ្នែកឯកជន ​កំពុងរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ​ឲ្យកាន់តែមានភាពទាក់ទាញ ​និងប្រកួតប្រជែង
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខា សាលាជាតិពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន ដំណាក់កាលទី២ របស់ គ.ជ.អ.ប
ព័ត៌មានជាតិ
TOP NEWS: ចិន សង្ឃឹមថា រដ្ឋាភិបាល​អាណត្តិថ្មី​របស់​សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិនផ្តោត​សំខាន់​លើកិច្ចសហប្រតិបត្តិការ​ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង
ព័ត៌មានជាតិ
ខ្សែភាពយន្តឯកសារ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» នឹងសម្ពោធផ្សាយនៅល្ងាចនេះលើកញ្ចក់ទូរទស្សន៍ BTV
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី