(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។ ជាសរុប មកដល់ពេលនេះ នៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ១៩ ចំនួន ២៧៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បង្ហាញថា អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយម្នាក់នេះ ជាបុរសជនជាតិចិន អាយុ ២៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ បុរសជនជាតិចិននេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួណ ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ ហើយ៕



