(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រព័ន្ធសម្ពាធទាប នឹងបន្តលាតសន្ធឹង ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងវិសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។ តាមការវិភាគ និងព្យាករណ៍ សម្ពាធទាបសកម្ម ដែលនៅលើសមុទ្រចិនខាងត្បូងនោះ នឹងវិវត្តជាបន្តបន្ទាប់ជាវិសម្ពាធ ( Tripical Depression ) ឬក៏ជាព្យុះ ( Tropical Storm ) ដោយដើរដល់លើភាគខាងត្បូងវៀតណាម នៅថ្ងៃទី០៧ ខែតុលា។
ក្រសួងធនធានទឹក និងឧតុនិយម បន្តថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ២២-៣០°C ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរ ទៅច្រើន។ នៅថ្ងៃទី០៧-០៩ ខែតុលា បណ្តាលរាជធានីខេត្តភាគខាងត្បូង និងខាងកើតជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន។
រីឯបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាព មានចន្លោះពី ២២-២៩°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យម ទៅបង្គួរ។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី ២២-២៩°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតអតិបរិមា ពីបង្គួរ ទៅច្រើន។ នៅថ្ងៃទី០៧-០៩ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសឲ្យសាធារណជន បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងខេត្តនៅតំបន់មាត់សមុទ្រ។ ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី០៧-០៩ ខែតុលា ឆ្នាំ២០២០៕




