(ខេត្តកំពង់ឆ្នាំង)៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង តាមរយៈក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី គប់កញ្ចក់រថយន្ត នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង។ ករណីគប់កញ្ចក់ឡាននេះ ត្រូវបានបង្ហោះក្នុងហ្វេសប៊ុក OK Bong No Hunii។
ក្នុងសេចក្តីបំភ្លឺព័ត៌មាន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លើកឡើងថា កន្លងមក ពេលទទួលបានព័ត៌មាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវ និងបង្ក្រាបជាច្រើនករណីរួចមកហើយ ដោយចាប់ឃាត់ខ្លួនជនល្មើស កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ឆ្នាំង ចាត់ការតាមច្បាប់ ជាបន្តបន្ទាប់។
ចំពោះករណីគប់កញ្ចក់ឡាន ដែលបង្ហោះក្នុងហ្វេសប៊ុក OK Bong No Hunii ត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បំភ្លឺ ៣ ចំណុច រួមមាន៖
១-ក្នុងករណីមានហេតុការណ៍ដូចខាងលើ សូមផ្តល់ព័ត៌មានជាបន្ទាន់ មកស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដែលមានលេខទូរស័ព្ទ នៅលើ Page ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង Page អធិការនគរបាលក្រុង/ស្រុក ដើម្បីកម្លាំងចុះអន្តរាគមន៍ បានទាន់ពេលវេលា។
២-ស្នងការដ្ឋាននគរបាលខេត្ត បានចាត់គ្រប់វិធានការជំនាញ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប ដោយមិនទុកឲ្យជនល្មើស នៅធ្វើសកម្មភាពបន្តទៀតឡើយ។
៣-លោកស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងកងអន្តរាគមន៍ ចេញល្បាតត្រួតពិនិត្យសភាពការណ៍ នៅលើដងផ្លូវជាតិលេខ៥ និងបណ្តាភូមិសាស្ត្រ ដែលងាយរងគ្រោះជាប់ជាប្រចាំ។
ហ្វេសប៊ុកឈ្មោះ OK Bong No Hunii ( ជីវ័ន្ត កងដឹកជញ្ជូន ) ជាយុវជនម្នាក់ ដែលជាតៃកុងឡានធុនធំ។ ហ្វេសប៊ុកនេះ បាន Share និងសរសេរបង្ហោះនូវវិដេអូ និងរូបភាពឡានដឹកទំនិញធំៗ ត្រូវគេគប់បែកកញ្ចក់ជាច្រើន។
ក្នុងនោះ ហ្វេសប៊ុកដដែលនេះ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បាន Share ករណីគប់កញ្ចក់ឡានដឹកទំនិញធុនធំ ដែលបានកើតឡើងតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៥ ចំណុចផ្លូវតាមខ្លោងទ្វា វត្តស្ពានពោធិ៍ ទៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចុះពីផ្លូវជាតិប្រហែលជា ៥ គ.ម៕



