កម្ពុជាបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ​ដើម្បីប្រមូលចំណូលពីប្រតិបត្តិករទូរគមនាគមន៍ណា ​ដែលប្រព្រឹត្តខុសច្បាប់​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិលើកទី២ ជាមួយប្រតិបត្តិករទូរគមនាគមន៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឆ្លើយតបទៅនឹងសំនួរកង្វល់មួយចំនួន ដែលបានលើកឡើងដោយប្រតិបត្តិករទូរគមនាគមន៍មុននឹងដាក់សេចក្តីព្រាងនេះជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិមិនមែនជាការកៀរគរចំណូលថ្មីរបស់ក្រសួងពីប្រតិបត្តិករទូរគមនាគមន៍ដែលដំណើរការស្របច្បាប់ទេ ផ្ទុយទៅវិញជាការប្រមូលចំណូលពីប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់។ ឆ្លើយតបនឹងសំណួរអំពីចំនួនប្រតិបត្តិករច្រកទ្វារអ៊ិនធឺណិតជាតិ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រតិបត្តិករច្រកទ្វារអ៊ិនធឺណិតជាតិនឹងត្រូវបង្កើតឡើងលើសពី ០១ (មួយ) តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ដែលមានលក្ខខណ្ឌបច្ចេកទេសគ្រប់គ្រាន់មានសិទ្ធិស្នើសុំអាជ្ញាបណ្ណប្រតិបត្តិការច្រកទា្វរអ៊ិនធឺណិតជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាផងដែរថា ពាក់ព័ន្ធនឹងបច្ចេកទេស និងកម្រៃតភ្ជាប់បណ្តាញមកច្រកទ្វារទូរគមនាគមន៍ជាតិ ក្រុមការងារបច្ចេក​ទេស​របស់ក្រសួងនឹងរៀបចំប្រកាសស្តីពីស្តង់ដាបច្ចេកទេស និងប្រកាសអន្តរក្រសួងស្តីពីការកំណត់កម្រៃតភ្ជាប់បណ្តាញមកច្រកទ្វារទូរគមនាគមន៍ជាតិ ដើម្បីគាំទ្រដល់ការអនុវត្តអនុក្រឹត្យនេះ ដោយអនុញ្ញាតឱ្យមានការពិភាក្សា ដើម្បីបានធាតុចូល និងមតិបន្ថែមពីគ្រប់ប្រតិបតិ្តករទូរគមនាគមន៍។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គប្រជុំ ជាពិសេសវត្តមានរបស់ប្រតិបតិ្តករទូរគមនាគមន៍ និងបានសន្យាថាក្រសួងនឹងជួយគាំទ្រប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលជាដៃគូរយុទ្ធសាស្រ្ត ដើម្បីឱ្យវិស័យទូរគមនាគមន៍រីកចំរើនក្នុងទិសដៅមួយដ៏ត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី