(ជប៉ុន)៖ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស វៀតណាម និងឥណ្ឌូណេស៊ីនៅពាក់កណ្តាលខែតុលាខាងមុខ ដោយនេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកបន្ទាប់ពីបានចូលកាន់តំណែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
បើសិនដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងតាមគម្រោង លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo)។
ដំណើរទស្សនកិច្ចនេះ លោក ស៊ូហ្កាទំនងជានឹងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបណ្តាប្រទេសអាស៊ានដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីជប៉ុនថ្មីរូបនេះ ក៏បានជួបពិភាក្សាតាមទូរស័ព្ទរួចហើយជាមួយមេដឹកនាំសហរដ្ឋអាមេរិក ចិន រុស្ស៊ីនិងប្រទេសដទៃទៀតបន្ទាប់ពីបានក្លាយជានាយករដ្ឋមន្រ្តីកាលពីពាក់កណ្តាលខែកញ្ញា៕



