(ភ្នំពេញ)៖ សហព័ន្ធរុស្ស៉ីបានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង និងជួយកម្ពុជាសម្រាប់ការចរចា ដើម្បីចូលជាសមាជិក សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ការបញ្ជាក់ពីជំហរបែបនេះ ធ្វើឡើងក្នុងជំនួបនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តម ណី សំអុល បានឲ្យដឹងថានៅក្នុងជំនួបនោះ ភាគីរុស្ស៊ីនឹងបើកផ្លូវជួយកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនទៅក្រៅប្រទេស តាមរយៈការធ្វើពាណិជ្ជកម្ម ជាមួយសម្ព័ន្ធមួយនេះយ៉ាងងាយស្រួល ហើយថាភាគីទាំងពីរក៏គ្រោងនឹងរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនាពេលខាងមុខ បន្ទាប់ពីខកខានដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា តាមក្រសួងពាណិជ្ជកម្ម កម្ពុជាបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កាលពីពេលកន្លងទៅថ្មីៗនេះ នៅត្រៀមការចុះហត្ថលេខាជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីប្រទេសចិន កម្ពុជាបានបើកិច្ចចរចាជាមួយកូរ៉េខាងត្បូង ហើយគ្រោងនឹងចរចាបង្កើតព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន ឬសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៕






