(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ ថវិកា ២ ៦០១ ២០០ ០០០ លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបើកផ្តល់ជូនកម្មការិនីសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូន។
ទិន្នន័យកម្មការិនី សម្រាលកូន ប្រចាំខែកញ្ញា រួមមាន៖ ចំនួនស្ត្រីសម្រាលកូន ៦៤៥២នាក់ សម្រាលបានកូនចំនួន ៦៥០៣នាក់ ដែលក្នុងនោះ ស្ត្រីសម្រាលកូនភ្លោះពីរ មានចំនួន ៥១នាក់។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យមានការឧបត្ថម្ភដល់កម្មការិនី ពេលសម្រាលកូន ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ក្នុងនោះ កម្មការិនីសម្រាលកូនម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល កូនភ្លោះ ទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះបី ទទួលបាន ១លាន ២សែនរៀល។
ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូននេះ កម្មការិនី និងស្ត្រីបុគ្គលិកនិយោជិត តាមរោងចក្រសហគ្រាស និងក្រុមហ៊ុនឯកជនទាំងអស់ ដែលជាសមាជិក ប.ស.ស. ក៏ទទួលបានប្រាក់ឈ្នួល ១២០ ភាគរយ ក្នុង ១ខែ ក្នុរយៈពេលឈប់សម្រាកសម្រាលកូន ៣ខែថែមទៀតផង៕



