(កូរ៉េ)៖ រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿងដែលជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងរបស់កម្ពុជា និងទីក្រុង Sejong របស់កូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ដែលឯកឧត្តម ឡុង ឌីម៉ង់ និងមន្ត្រីស្ថានទូត នៅថ្ងៃទី៣ ខែវិចិ្ឆកា បានជួសមុខជូនសាលាខេត្តបាត់ដំបង ធ្វើដំណើរមកទីក្រុង Sejong ដែលជាទីក្រុងស្វយ័តពិសេស បណ្ដុំទៅដោយក្រសួងមន្ទីរស្ថាប័នជាតិកូរ៉េ រួមគ្នាជាមួយលោកអភិបាលក្រុង Lee Choon-hee។
ឯកឧត្តម ឡុង ឌីម៉ង់ បានលើកឡើងថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យជាច្រើន ជាពិសេសគឺកសិកម្ម។ ទីក្រុង Sejong នឹងធ្វើការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ជាមួយបាត់ដំបងក្នុងការជំរុញអភិវឌ្ឍគោលនយោបាយកសិកម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានបន្តថា ស្ថានទូតកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល ជ្រោមជ្រែង និងផ្ដល់នូវកិច្ចសហការនានាដើម្បីឲ្យកម្ពុជា និងកូរ៉េនិយាយជារួម, បាត់ដំបង និង Sejong និយាយដោយឡែក រឹងរឹតតែមានភាពស្អិតរមួត ផ្ដល់នូវផលប្រយោជន៍រួមទៅវិញទៅមក៕




