(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងមានការអញ្ជើញដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ មកពីស្រុក ចំនួន ៣ ក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបាត់ដំបង ក៏ដូចជា ប្រជាពលរដ្ឋរងគ្រោះទូទាំងព្រះរាជាណាចក្រកម្ពុជា និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង ១ ០០០គ្រួសារ រួមមាន ៖ ស្រុកកំរៀង ចំនួន ៤០០គ្រួសារ ស្រុកភ្នំព្រឹក ចំនួន ៣០០គ្រួសារ និងស្រុកសំពៅលូន ចំនួន ៣០០គ្រួសារ នូវចំណុចមួយចំនួនដូចខាងក្រោម៖
១- បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសមាជិកគ្រួសារ ជាពិសេសកុមារ ចាស់ជរា និងជនពិការពីគ្រោះថ្នាក់ដោយសារលង់ទឹក។
២- ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក មួល ពុល ជំងឺរលាកផ្លូវដង្ហើម និងជំងឺដទៃផ្សេងទៀត ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រោះ ឬទឹកដាំពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន។
៣- ដំណាលគ្នានឹងការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ក៏ត្រូវតែយកចិត្តទុកដាក់បន្តការថែរក្សាសុខភាព ក៏ដូចជាបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ។
៤- បញ្ឈប់រាល់សកម្មភាពឆ្លងដែនជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជា គ្រោះថ្នាក់ដែលបង្កឡើងដោយសារទឹកជំនន់។
៥-សូមបង្កើនការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះតំបន់រងទឹកជំនន់ទាំងនេះ ក៏ជាតំបន់នៅមានបញ្ហាគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ប្រសិន បើបងប្អូនជួបប្រទះ និងសង្ស័យជាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនោះ សូមទាក់ទងផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីស ឬកំលាំងស៊ីម៉ាក់ ដើម្បីបោសសំអាតឲ្យបានទាន់ពេលវេលា។
៦-ចំពោះលោកយាយ លោកតា ពុកម៉ែ អ៊ំ ពូ មីងមា បងប្អូនដែលមានកូនចៅ ត្រៀមប្រឡង ទាំងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចមធ្យមសិក្សាបឋមភូមិ សូមជួយដាស់តឿនក្រើនរលឹក ឲ្យពួក គេខិតខំរៀនសូត្រ និងរំលឹកមេរៀនបន្ថែមទាំងតាមរយៈស្វ័យសិក្សា និងនៅក្នុងកម្មវិធីបំប៉ននៅរៀងរាល់ ចុងសប្តាហ៍ មុននឹងការប្រឡងចូលមកដល់នៅចុងឆ្នាំនេះ៕




