សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​បុណ្យអុំទូក​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរ​ចរណ៍​ផ្លូវគោក បានចេញ​លិខិត អំពាវនាវ ១០ ចំណុច ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី​៣០-៣១ ខែតុលា និង​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សេចក្តីអំពាវនាវ ទាំង ១០ ចំណុច​នោះ រួមមាន​៖

១-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​

២-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​

៣-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​

៤-​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។​

៥-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​

៦-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​

៧-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​

៨-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​

៩-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។​

១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។​

​សូម​រម្លឹកថា ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ មិនមាន​រៀបចំ​ពិធី​ជួបជុំ អុំទូក ដូច​រៀងរាល់ឆ្នាំ នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។ មូលហេតុ ដើម្បី​ទប់ស្កាត់ និង​ការពារ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ 

​ក៏ប៉ុន្តែ​ការឈប់​សម្រាក ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​ឲ្យ​មន្ត្រីរាជការ កម្មករនិយោជិត ឈប់សម្រាក ៤​ថ្ងៃ ក្នុងអំឡុងពេល​បុណ្យអុំទូក ចាប់ពី​ថ្ងៃទី​៣០-៣១ ខែតុលា ព្រមទាំង​ថ្ងៃទី​១ និង​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ដោយសារតែ​ថ្ងៃទី​១ ខែវិច្ឆិកា ត្រូវ​នឹង​ថ្ងៃអាទិត្យ ទើបត្រូវ​លើក​ពេល​ឈប់សម្រាក ១​ថ្ងៃ​ជំនួស​វិញ នៅ​ថ្ងៃទី​២​វិច្ឆិកា​។​

​ក្នុងនោះ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ក៏​ជា​ថ្ងៃបុណ្យ​ជាតិ នៃ​ខួប ១៦​ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ 

​ដូច្នេះ​នៅ​ចុង​សប្តាហ៍​នេះ នឹងមាន​ការឈប់​សម្រាក​រយៈពេល ៥​ថ្ងៃ​ជាប់ៗ​គ្នា ដែល​នាំ​ឲ្យ​ការធ្វើដំណើរ​មមាញឹក​ជាង​មុន ហើយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​អាច​កើតឡើង​ដោយ​យថាហេតុ បើសិនជា​អ្នកបើកបរ ធ្វេសប្រហែស​។​

​សូម​រម្លឹកថា អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់ ៣៦​ករណី បណ្តាល​ឲ្យ​ស្លាប់ ១០​នាក់ និង​របួស ៧៧​នាក់​។ 

​ដោយឡែក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦​នាក់ និង​របួស​សរុប ៦០​នាក់​។  

​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​០២-០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៩ លើក បណ្តាល​ឲ្យ​ស្លាប់ ២៥​នាក់ និង​រង​បួស ៤៥​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
ស្ត្រី​អ្នកទទួល​លុយ និង​បញ្ជា​តាម​ទូរស័ព្ទ​ពី​លោក ហូរ វ៉ាន់ ដើម្បី​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​២៣​តុលា មុខ​ទូត​ចិន និង​អាមេរិក ត្រូវបាន​ចាប់ខ្លួន​ហើយ​!
ព័ត៌មានជាតិ
អាជ្ញាធរ ប្រើ​វិធានការ​ក្ដៅ​ទៅលើ​ក្រុមអាជីវករ​មួយចំនួន ដែល​លក់ដូរ​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ
ព័ត៌មានជាតិ
​ប្រជាពលរដ្ឋ ៣០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ ជាស្បៀងសង្គ្រោះបន្ទាន់
ព័ត៌មានជាតិ
មូលនិធិ​ទឹកជំនន់ EZECOM ប្រគល់​អំណោយ​ដល់​ជនរងគ្រោះ ១៤០​គ្រួសារ នៅ​ក្រុង​តាខ្មៅ​
ព័ត៌មានជាតិ
លា​ហើយ​! លេខ​ចុងក្រោយ​របស់​កាសែត​រស្មី​កម្ពុជា ដែលមាន​អាយុ ២៧​ឆ្នាំ​!
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ផ្ដល់អំណោយជូនដល់កាកបាទក្រហមកម្ពុជាជាការរួមចំណែកជួយជនរងគ្រោះទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី