(ខេត្តកណ្តាល)៖ ក្រុមហ៊ុនសេវាអ៊ីនធឺណិត លំដាប់ខ្ពស់ EZECOM បាននាំអំណោយយកទៅចែកជូនដល់បងប្អូនរងគ្រោះប្រមាណ ១៤០គ្រួសារ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃពុធ ទី២៨ តុលា ឆ្នាំ២០២០ នេះ។
បុគ្គលិក និងថ្នាក់ដឹកនាំក្រុមហ៊ុន ជាង ២០នាក់ បានជួបសំណេះសំណាល និងចូលរួមប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី និងត្រីខកំប៉ុង ជាដើម ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិដោះស្រាយគ្រោះមហន្តរាយ និងអាជ្ញាធរក្នុងមូលដ្ឋាន។
ក្នុងពិធីប្រគល់អំណោយនេះ លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖ “ក្រោមស្មារតីរួមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ថ្ងៃនេះ EZECOM បាននាំយកអំណោយមួយចំនួន ដើម្បីចែកជូនបងប្អូន ដែលរងគ្រោះពីទឹកជំនន់ កាលពីពេលថ្មីៗនេះ។ ថ្វីត្បិតក្រុមការងាររបស់យើងមានវត្តមានមិនច្រើនប៉ុន្មាន តែបុគ្គលិករបស់យើងទូទាំងប្រទេស បានផ្ដាំផ្ញើនូវក្ដីបារម្ភ និងការជូនពរដល់បងប្អូនជនរងគ្រោះទាំងអស់ពីចម្ងាយ។ យើងសង្ឃឹមថា អំណោយទាំងនេះនឹងបានរួមចំណែកខ្លះៗ ដើម្បីដោះស្រាយការលំបាករបស់បងប្អូន ខណៈយើងរួមគ្នាស្តារសហគមន៍របស់យើងត្រឡប់ទៅភាពជាធម្មតាវិញ។”
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដើមមៀន បានសម្តែងការកោតសរសើរខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ និងការរួមចំណែករបស់ក្រុមហ៊ុន EZECOM និងបានសំណេះសំណាលលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ អោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងករណីចាំបាច់ណាមួយ ដូចជា ករណីកើតមានជំងឺគ្រុនឈិ ដើម។
ជំនួយរបស់ក្រុមហ៊ុន EZECOM ដល់ក្រុមគ្រួសាររងគ្រោះ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ នាថ្ងៃនេះ គឺជាចំណែកមួយនៃការផ្តួចផ្តើមមូលនិធិទឹកជំនន់របស់ខ្លួន ដែលផ្គត់ផ្គង់ថវិកាមួយចំណែកធំដោយក្រុមហ៊ុនផ្ទាល់ និងចំណែកខ្លះដោយថវិកាពីសប្បុរសជនគ្រប់ទិសទី។
ក្រុមហ៊ុនបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ មិនបញ្ចប់ត្រឹមពិធីចែកអំណោយថ្ងៃនេះនោះទេ ដូច្នេះ សប្បុរសជននៅតែអាចចូលរួមបរិច្ចាគបាន តាមរយៈគណនី Wing លេខ 023888181 ឈ្មោះ Ezecom Fundraising និងគណនី ABA លេខ 023888181 ឈ្មោះ EZECOM CO LTD ហើយទឹកប្រាក់ដែលគៀងគរបានជាបន្តបន្ទាប់ណាមួយ នឹងត្រូវចាត់ចែងប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះជនរងគ្រោះជាបន្តទៀត។
សម្រាប់ព័ត៌មានចុងក្រោយបំផុត អំពីសកម្មភាពសង្គមរបស់ក្រុមហ៊ុន EZECOM សូមតាមដានផេចហ្វេសប៊ុក EZECOM ឬចូលទៅគេហទំព័រ www.ezecom.com.kh ។




