(ភ្នំពេញ)៖ កាសែតរស្មីកម្ពុជា បានចេញផ្សាយលេខចុងក្រោយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីដំណើរការ ចាប់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៣។ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំកាសែតរស្មីកម្ពុជា បានប្រកាសផ្អាកការចេញផ្សាយ និងកាត់រំសាយបុគ្គលិកជាង ១០០នាក់ ដោយមិនប្រាប់មុន។
មូលហេតុនៃការឈប់ចេញផ្សាយកាសែតភាសាខ្មែរដ៏ធំនេះ ត្រូវបានលោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា លើកឡើងថា បណ្តាលមកពីកត្តាពីរ ទី១. គឺកត្តាស្ថានភាពនៃហិរញ្ញវត្ថុ និងកត្តាទី២.គឺដើម្បីធ្វើការកែទម្រង់ថ្មី ដើម្បីអោយស្របទៅនឹងការវិវត្តន៍នៃសភាពការថ្មីរបស់សង្គម។
ក្រោយការប្រកាសនេះ បុគ្គលិក ត្រូវបានតម្រូវឲ្យផ្តិតមេដៃ បើកប្រាក់អតីតភាពការងារ និងប្រាក់ខែចុងក្រោយ ចាប់ពីជាង ៥០០ដុល្លារ រហូតដល់ជាង ២០០០ដុល្លារ ក្នុងម្នាក់ៗ។
យ៉ាងណាក៏ដោយ កាសែតរស្មីកម្ពុជា នៅបន្តចេញផ្សាយតាមវេបសាយ ដោយរក្សាទុកអ្នកកាសែត និងអ្នកបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ សរុបជាង ១០នាក់ ឲ្យធ្វើការជាធម្មតា។
ចាប់តាំងពីខែសីហា ឆ្នាំ២០២០ នេះ កាសែតរស្មីកម្ពុជា បានបន្ថយទំព័រចេញផ្សាយ មុននឹងឈានដល់ផ្អាកការបោះពុម្ពផ្សាយទាំងស្រុង ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
បង្កើតឡើងដំបូង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៩៣ កាសែតរស្មីកម្ពុជា ជារបស់លោកឧកញ៉ា ថៃ ប៊ុនរ៉ុង ដោយត្រូវបោះពុម្ពនៅទីក្រុងបាងកក ប្រទេសថៃ។ ក្រោយមក កាសែតរស្មីកម្ពុជា ក៏បានបោះពុម្ព នៅភ្នំពេញ ដោយមានទីស្នាក់ការ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ រហូតដល់សព្វថ្ងៃ។
អំឡុងឆ្នាំ២០០០ជាង កាសែតរស្មីកម្ពុជា ក៏បានផ្ទេរម្ចាស់ពីលោកឧកញ៉ា ថៃ ប៊ុនរ៉ុង មកសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បន្តដល់សព្វថ្ងៃ៕



