(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទឹកចិត្តគ្រូល្ខោន និងកូនល្ខោន បុរាណនៃវត្តកៀនស្វាយក្រៅ ព្រមទាំងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកំពុងរួមគ្នាហាត់សមតម្លើងស្នាដៃល្ខោនបុរាណ «រឿងជ័យជេត»។
ការហាត់សម និងសម្តែងតម្លើងស្នាដៃនេះ គឺមានការចូលរួមយ៉ាងសស្រាក់សស្រាំពីព្រឹទ្ធាចារ្យ (ក្នុងនោះមានលោកយាយ គិន យិន មានអាយុ ៨៤ ឯកទេសយក្ខ លោកយាយ អ៊ូ ណម អាយុ ៨៩ ឯកទេសយក្ខ លោកយាយ ជា មុត អាយុ ៨៩ ឯកទេសនាយរោង និងលោកតា នៅ ជា អាយុ ៩៥ ជាតន្រ្តីករ) និងកូនល្ខោនចំនួន៦រូប ដែលជាក្រុមល្ខោននៃវត្តកៀនស្វាយក្រៅ រួមជាមួយគ្នានឹងសិល្បករនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសគឺពីនាយកដ្ឋានសិល្បៈទស្សនីយភាពផ្ទាល់តែម្តង។
ស្នាដៃនេះ នឹងធ្វើការផ្សព្វផ្សាយតាមបណ្តាញ Facebook Page ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក ដើម្បីចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕




