(ភ្នំពេញ)៖ កិច្ចប្រជុំនេះ បានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ២០២០។ នោះគឺក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង បន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅលើជំពូកទី១ នៅមាត្រាទី៧។
កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួង រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី អន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាមកចូលរួមកិច្ចប្រជុំ ដើម្បីធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងច្បាប់នេះបានបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ។
សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជានេះ មានចំនួន៩ជំពូក និងចំនួន ៥០មាត្រា និងមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌ សម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ច្បាប់នេះ ត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្ដរជាតិ ដែល ព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅមុនពេល ដែលលច្បាប់នេះ ចូលជាធរមានហើយក៏ដោយ៕



