(ភ្នំពេញ)៖ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជួបជាមួយគ្រូពេទ្យដែលនឹងទៅបន្តការសិក្សាវគ្គជំនាញឯកទេសនៅប្រទេសបារាំង នៅថ្ងៃទី២៦ ខែតុលានេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម សាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០២០ និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្តប្រមាណ ៨០០នាក់ បានទៅបន្តការសិក្សានៅប្រទេសបារាំង។ ឆ្នាំនេះ គ្រូពេទ្យកម្ពុជា៧២រូបនឹងទៅបន្តការសិក្សាវគ្គជំនាញឯកទេសនៅប្រទេសបារាំង។ ស្ថានទូតបារាំងបានបន្តថា កិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ក្នុងវិស័យសុខាភិបាលគឺជាអាទិភាពមួយ ហើយកាន់តែមានសារសំខាន់ថែមទៀតក្នុងបរិបទនៃជំងឺកូវីដ១៩៕





