(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ស្ថានទូតប្រទេសបារាំងប្រចាំកម្ពុជា បានបង្ហោះសារដែលមានខ្លឹមសារថា៖ «សន្និសីទទីក្រុងប៉ារីស៍ ដែលមានប្រទេសបារាំង និងឥណ្ឌូណេស៊ីជាសហប្រធាន បាននាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យប្រទេសកម្ពុជាត្រឡប់មកធ្វើដំណើរលើមាគ៌ាសន្តិភាព និងរកឃើញទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញ»។
ស្ថានទូតបារាំងបានបន្តថា «ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលកន្លងមក ប្រទេសបារាំងគាំទ្រដល់ប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍមួយប្រកបដោយភាពសុខដុម និងគោរពសិទ្ធិរបស់បុគ្គលម្នាក់ៗ»។
សូមជម្រាបថា ២៩ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា៕




