(ភ្នំពេញ)៖ «គ្រប់សមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រ័ពន្ធ មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល» នេះជាការបញ្ជាក់ជាថ្មីទៀតរបស់បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស.។
ដើម្បីឲ្យស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រ័ពន្ធ មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖
➤ ទី១. កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
➤ ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
➤ ទី៣. ករណីសាមីខ្លួន មិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
➤ ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.។
សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល តាមរយៈប.ស.ស. បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ រួមមាន៖
– សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់បងប្អូនកម្មការិនី ជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស.។ នេះគឺជាការផ្តល់ជូនកាដូដ៏វិសេសវិសាលបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនកម្មការិនីជាស្ត្រីសម្រាលកូន ដើម្បីឆ្លើយតបទៅនឹង ជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងអំឡុងពេលសម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត។
ជាពិសេសជាងនេះទៅទៀត គឺក្នុងអំឡុងពេលកម្ពុជា ជួបប្រទះវិបត្តិកូវីដ១៩ រួមទាំងគ្រោះទឹកជំនន់ នាពេលនេះ ក៏រាជរដ្ឋាភិបាល នៅតែបន្តអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់បងប្អូនកម្មការិនី ជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ដដែល៕



