(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលជួបឯកឧត្តម ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានជម្រាបជូនសម្តេចពីសំណើដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Park Byeong-seug ដែលគ្រោងនឹងមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឲ្យកាន់រឹងមាំឡើង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជា ត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ នាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ ចំពោះបេសកកម្មរបស់ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។
ឯកឧត្តម ប៉ាក់ ហឿងឃ្យុង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឲ្យកកត់សម្គាល់។ ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ ៤ម៉ឺននាក់។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅឆ្នាំខាងមុខ សាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរមួយ អាចលេចជារូបរាងដែរ គឺជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គនោះ៕




