(អន្តរជាតិ)៖ អ្នកដំណើរម្នាក់ ដែលបានរួមដំណើរនៅលើយន្តហោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden បានតេស្ដវិជ្ជមានជំងឺ COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bloomberg នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
ប្រភពបានឱ្យដឹងថាអ្នករួមដំណើរម្នាក់នោះបានធ្វើដំណើរពី Ohio ទៅ Florida ក្នុងសប្ដាហ៍នេះ ប៉ុន្តែរូបគេបានអង្គុយនៅឆ្ងាយពីលោក Joe Biden ច្រើនជាង ៥០ហ្វីត ឬជាង ១៥ម៉ែត្រ។ អ្នកទាំង ២ បានប្រើច្រកចេញចូលខុសគ្នា ហើយក៏បានពាក់ម៉ាស់ទាំង ២នាក់ ផងដែរ។ ដោយលោក Joe Biden មិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ក្រោយលទ្ធផលតេស្ដរកជំងឺ COVID-19 របស់លោក Joe Biden នៅយប់ថ្ងៃពុធ គឺអវិជ្ជមាន។
គួរឱ្យដឹងដែរថាបុគ្គលខាងលើមិនបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយលោក Biden និងលោកស្រី Harris ឬបុគ្គលិកណាមួយផ្សេងទៀតឡើយ ទោះជាយ៉ាងណាលោកស្រី Harris នឹងផ្អាកការធ្វើដំណើររយៈពេលពីរទៅបីថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហានេះ៕




