(ភ្នំពេញ)៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នករិះគន់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទឹកជំនន់ បង្កដោយទឹកភ្លៀង នៅកម្ពុជា ពេលនេះ មិនមែន ដោយសារតែការលុបបឹង ព្រែក និងប្រឡាយ នោះទេ។ ផ្ទុយទៅវិញ នេះជាគ្រោះធម្មជាតិ ដែលបានកើតឡើង មិនមែនតែនៅកម្ពុជាឡើយ គឺនៅថៃ និងប្រទេសវៀតណាម ក៏កើតឡើងនូវជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះ ក្នុងពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង កំពុងស្នាក់នៅទួលសុវត្ថិភាព ក្នុងបុរីពិភពថ្មី នៅជិតរង្វង់មូលគួស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
ក្នុងសារជូនជនរួមជាតិ ដោយផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងតាមប្រព័ន្ធឃោសនាមហាជន ហ្វេសប៊ុកជាច្រើន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្លះលើកឡើងថា លុបបឹង បានជាវាមានជំនន់។ ប៉ុន្តែខ្ញុំចង់សួរទៅអាអ្នក ដែលនិយាយអីចឹង! នៅប្រទេសជប៉ុន ឆ្នាំទៅនេះ ជំនន់ទឹកភ្លៀង សម្លាប់ប្រជាជនជប៉ុនអស់យ៉ាងច្រើន! នៅប្រទេសនៅអឺរ៉ុប ទីក្រុងធំៗមួយចំនួន ជំនន់ទឹកភ្លៀង ក៏បានលិចលង់។ ឥឡូវតាមព្រែកត្នោតរបស់យើងនេះ ពីខាងលើមក តើនរណាលុបបឹង? ព្រែក? ស្ទឹងពោធិ៍សាត់ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ អានេះ វាសុទ្ធតែស្ទឹង។ ប៉ុន្តែដោយសារតែទឹកពីលើវាខ្លាំងជ្រុលហួស វាហួសពីសមត្ថភាពស្រូប មិនមែនគ្រាន់តែហួសពីសមត្ថភាពស្រូបនៃលូ ដែលយើងបានធ្វើ និងប្រឡាយ ដែលយើងបានធ្វើនោះទេ សូម្បីតែទន្លេមេគង្គ ដែលវាជន់លិច ក៏វាសមត្ថភាពនៃទន្លេនេះ មិនអាចនឹងទទួលអស់ ជាមួយនឹងទឹក ដែលវាធ្លាក់ពីខាងលើច្រើនហួស។ ដូច្នេះហើយ បានជាគេហៅថា ជំនន់នោះ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «មានតែសមុទ្រទេ ដែលវាមិនជន់។ ក៏ប៉ុន្តែទឹកសមុទ្រ វាមានជោរ វាមាននាច។ នៅពេលយប់វាជោរ នៅពេលថ្ងៃ វានាចចុះ។ អាហ្នឹងសមុទ្រ។ ក៏ប៉ុន្តែទន្លេ គឺវាតែងជួបប្រទះ បែបនេះឯង។ នេះហើយ ដែលហៅថា គ្រោះមហន្តរាយធម្មជាតិ ដែលមានកើតនៅស្ទើរគ្រប់ប្រទេសទាំងអស់ នៅក្នុងពិភពលោករបស់យើងនេះ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ពាក់ព័ន្ធរឿងនេះ ខ្ញុំមិនចង់ឆ្លើយតបជាមួយនឹងនរណាទេ ក៏ប៉ុន្តែខ្ញុំចង់ពន្យល់ដល់ប្រជាពលរដ្ឋរបស់យើង មូលហេតុ សូម្បីតែអ្នកនៅក្បែរស្ទឹង! គឺដោយសារតែស្ទឹងវាប៉ុណ្ណាប៉ុណ្ណៅនោះ ហើយហូរយ៉ាងលឿន ទ្រាំទ្រមិនរួច ដោយសារទឹកភ្លៀងពីខាងលើ។ ប្រសិនបើអស់ទឹកភ្លៀងពីខាងលើ ទឹកខាងក្រោម ក៏វាអស់ដែរ ហើយអាចអស់ រកទឹកប្រើមិនបានទៀតផង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ហើយមិនទាន់បានជម្លៀសចេញពីផ្ទះលិចទឹក សូមបង្កើនការប្រុងប្រយ័ត្ន ពិសេសលើសត្វកាចសាហាវ ដូចជា ពស់ ក្អែប ខ្ទួយ ជាដើម។


