(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា បុគ្គលិក នៃសមាគមទាំងអស់ បានសម្តែងនូវក្តីរន្ធត់ក្តុកក្តួល សោកស្តាយយ៉ាងក្រៃលែង ដែលបានទទួលដំណឹងដ៏ក្រៀមក្រំ ចំពោះការបាត់បង់ លោកជំទាវឧកញ៉ាបណ្ឌិត កែវ ម៉ាលី អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា។
ក្នុងសារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារនៃសព ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា លី ហួរ បានលើកឡើងថា «មរណភាពរបស់លោកជំទាវ គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា បានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបម្រើប្រជាជន និងសង្គមជាតិកម្ពុជាដោយស្មោះស។ ទោះបីរូបកាយ បានឃ្លាតចាកឆ្ងាយទៅមែនពិត ប៉ុន្តែស្នាដៃ សមិទ្ធផលដ៏ច្រើនរាប់មិនអស់របស់លោកជំទាវ ប្រកបដោយព្រហ្មវិហារធម៌ ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ និងជាថ្នាក់ដឹកនាំគំរូរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងព្រឹទ្ធសភាកម្ពុជា ដែលមិនអាចបំភ្លេចបាន»។
លោកជំទាវឧកញ៉ាបណ្ឌិត កែវ ម៉ាលី បានទទួលមរណភាព នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១:០៧ នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ៕




