(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០,២០អា,២១,២១អា និងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាបណ្ដោះអាសន្ន។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១៤ ខែតុលាបានបញ្ជាក់ថា ដោយសារស្ថានភាពទឹកជំនន់ បាននិងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្តាល ដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ ស្ពាន មិនអាចទ្រនឹងទម្ងន់រថយន្តធុនធំបានទេ។ ហេតុនេះ ដើម្បីធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព និងរក្សាផ្លូវ ស្ពានកុំឲ្យបាក់ស្រុត ក្រសួងផ្អាតកំណាត់ផ្លូវខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូដល់មានការជូនដំណឹងជាថ្មី៕



