ក្រុមការងារចរចា ​ប្តេជ្ញាបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជកម្មសេរីកម្ពុជា-កូរ៉េ ត្រឹមដំណាច់ឆ្នាំ២០២០នេះ​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី២ តុលានេះ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ពិនិត្យ និងពិភាក្សា លើលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីបានជាគោលការណ៍ និអនុសាសន៍ណែនាំបន្ថែម សម្រាប់ផ្តល់ជូនក្រុមការងារចរចា បានជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់។

ក្រុមការងារចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានធ្វើការចរចាចំនួន២ជុំ រួចមកហើយ តាមរយៈប្រព័ន្ធវីឌីអូ កាលពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក។ អង្គប្រជុំ បានធ្វើការកត់សម្គាល់លទ្ធផលនៃការចរចាចំនួន២ជុំនេះ និងបានវាយតម្លៃខ្ពស់លើវឌ្ឍនភាព ដែលទទួលបានរបស់ក្រុមការងារ ចរចាតាមផ្នែកនីមួយៗ ព្រមទាំង បានផ្តល់ការណែនាំគន្លឹះលើកិច្ចការជាក់លាក់មួយចំនួនបន្ថែមទៀត ​ដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងនេះ នៅត្រឹមដំណាច់ឆ្នាំ២០២០ ដូចដែលបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីសាធារណៈកូរ៉េ ម៊ូន ជេអ៊ីន អញ្ជើញមកធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញកាលពីពេលកន្លងមក។

បន្ថែមលើយន្តការដែលកំពុងអនុវត្តន៍ កិច្ចព្រមព្រៀងមានគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើង នូវការឈានចូលនៃផលិតផលរបស់ភាគីទាំងពីរ ទៅក្នុងទីផ្សារទៅ វិញទៅមក តាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ ព្រមទាំង លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕



អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី