(ខេត្តពោធិ៍សាត់)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានទទួលរងគ្រោះដោយទឹកជំនន់ ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១៤ ៧២១ គ្រួសារ នៅក្នុង ៦ក្រុងស្រុក ក្នុងនោះ មានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ស្មើនឹង ៣៤ឃុំសង្កាត់។
សេចក្តីជូនដំណឹង ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បន្ថែមថា ទឹកជំនន់ នៅខេត្តពោធិ៍សាត់ ប៉ះពាល់ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ស្រូវ ចំនួន ២៥ ១៤៧ ហិកតា ដំណាំកសិឧស្សាហកម្ម ចំនួន ៣ ៨១៦ ហិកតា ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទ សរុបចំនួន ៦ ២៥៤ ហិកតា ទឹកលិចផ្លូវ ( ផ្លូវកៅស៊ូ គ្រូសក្រហម និងផ្លូវដីស ) សរុបប្រវែង ៤៨ ៤០១ ម៉ែត្រ ខូចស្ពាន ៩កន្លេង ខូចលូ ចំនួន ២៤កន្លែង ប្រឡាយមេ ចំនួន ០៣កន្លែង ផ្ទះសំបែងប្រជាពលរដ្ឋខូចខាតទាំងស្រុង ចំនួន ៤៣ខ្នង ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទួលសុវត្ថិភាព ចំនួន ៧៧២គ្រួសារ លិចសាលារៀន ចំនួន ២៦កន្លែង លិចវត្តអារាម ចំនួន ៣៣កន្លែង លិចមណ្ឌលសុខភាព ចំនួន ៣កន្លែង និងមានករណីលង់ទឹកស្លាប់ ចំនួន ២នាក់។
សេចក្តីជូនដំណឹង បន្តថា គិតត្រឹមថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអន្តរាគមន៍ សង្គ្រោះបន្ទាន់ ឆ្លើយតបផ្តល់ស្បៀងជូនប្រជាពលរដ្ឋ បានចំនួន ១៤៦៤៨ គ្រួសារផងដែរ។
កាលពីថ្ងៃទី១៣តុលាម្សិលមិញ ខេត្តពោធិ៍សាត់ បានប្រកាសថា ទឹកស្ទឹងស្រុកភ្នំក្រវាញ ស្ទឹងស្រុកវាលវែង និងស្ទឹងពោធិ៍សាត់ បានចុះបន្តិច។ តែទន្លេកំពង់លួង ទឹកកើនឡើងបន្តិចបន្តួច៕




