(ភ្នំពេញ)៖ បន្ទាប់ពីមកដល់ភ្នំពេញភ្លាម កាលពីព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជួបឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា។ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី សន្យាថា ក្រោយ Covid-19 ចិន និងកម្ពុជា នឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា ហើយវិនិយោគចិននៅកម្ពុជា នៅពេលនេះ មិនបានប៉ះពាល់ដោយ Covid-19 ទេ តែកាន់តែមានច្រើន។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ការប្រើប្រាស់ឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) របស់ចិន សម្រាប់បេក្ខភាពគម្រោងអាទិភាព ឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោង ចំនួន ៨ រួមមាន៖ គម្រោងត្រៀមចុះហត្ថលេខាមាន៖ -គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង។ -គម្រោងសាងសង់ផ្លូវជាតិលេខ71C -គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៧ -គម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ។
ចំណែកគម្រោង ដែលកំពុងរៀបចំ មាន៖ -គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត -គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើមិត្តចិន ជួយដោះស្រាយបញ្ហាផ្ដាច់មុខរបស់ក្រុមហ៊ុន COFCO របស់ចិន ដែលជារបាំង សម្រាប់ការនាំចូលអង្ករកម្ពុជា ចំនួន ៤០០.០០០ តោន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកទៀតថា ភាគីមិត្តចិន បានយល់ព្រមទិញស្វាយ (ដែលបានចុះអនុស្សារណរួចហើយ) និងត្រី ទៅប្រទេសចិន ដូច្នេះឯកឧត្តម ស្នើជំរុញការនាំចូលឲ្យបានឆាប់។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកថា កន្លងមក មិត្តចិនបានទិញកសិផលយើងបានច្រើនមួយចំនួនហើយ ដូចជា ចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទី ជាដើម ដូច្នេះឯកឧត្តម ក៏បានស្នើមិត្តចិន ជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។
លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានស្នើភាគីមិត្តចិន ពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិន ក្នុងការផ្ទេររោងចក្រ ពីប្រទេសចិន មកប្រទេសកម្ពុជា ឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្ម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីករណីវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិន ដែលអាចប្រើប្រាស់ជាផ្លូវការបាន។ ដូច្នេះឯកឧត្តម ស្នើភាគីមិត្តចិន ផ្តល់វ៉ាក់ សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈកិច្ចរបស់សម្ដេចតេជោ កាលពីខែកុម្ភៈ កន្លងមក ទៅកាន់ប្រទេសចិន ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង។ ក្នុងនោះ ការចុះហត្ថលេខា FTA នៅថ្ងៃនេះ គឺដោយសារសម្ដេចតេជោ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានខិតខំ កន្លងមក។
ឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា ក្រោយ Covid-19 ចិន និងកម្ពុជា នឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា។ ក្នុងនោះ វិនិយោគចិននៅកម្ពុជា មិនបានប៉ះពាល់ដោយ Covid-19 ទេ នៅពេលនេះ តែកាន់តែមានច្រើន។
ឯកឧត្តម វ៉ាង យី ជម្រាបជូនឯកឧត្តម ហោ ណាំហុង បន្ថែមថា ភាគីមិត្តចិន បានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណង សម្រាប់គម្រោងអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន ៩៥០លានយាន់ (ប្រហែល ១៤០ លានដុល្លារ)។ ចិន នឹងផ្ដល់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីការបរទេស វ៉ាង យី ក៏បានសន្យានាំចូលកសិផលកម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ចិនបានផ្ដួចផ្ដើមគំនិតការពារសុវត្ថិភាពទិន្នន័យ ឌីជីថល ដោយស្នើអោយកម្ពុជា គាំទ្រ។
ឯកឧត្តម វ៉ាង យី ក៏បានលើកសរសើរសម្ដេចតេជោ ដែលបានទប់ស្កាត់ Covid-19 បានជោគជ័យ។
ចំណែកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឆ្លើយថា កម្ពុជា និងចិន បានទទួលជោគជ័យរួម ក្នុងការទប់ស្កាត់ Covid-19។
មុនបញ្ចប់ ឯកឧត្តម វ៉ាង យី បានលើកឡើងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមិត្តចាស់របស់ចិន ជាអ្នកការទូត និងនយោបាយជើងចាស់ ដែលគាត់ សុំរៀនសូត្រតាម។
សូមរម្លឹកថា ឯកឧត្តម វ៉ាង យី មកបំពេញទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា នាថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ នៅថ្ងៃទី១២តុលានេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន ជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មុនពេលធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ ០២ទៀត រួមមាន៖ លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងលិខិតប្ដូរសារ ស្ដីពី ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ៕
(រូបថត៖ Freshnews )




