គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ឆ្នាំ​២០២១-២០២៣ ដែលមាន ៦២៩​គម្រោង និង​ត្រូវ​ចំណាយ​ជាង ១២០០០​លាន​ដុល្លារ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែតុលា ឆ្នាំ​២០២០ បានចាប់ផ្តើម​ពិភាក្សា​លើ​របៀបវារៈ ស្តីពី "​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២១-២០២៣"​។​

​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២១-២០២៣ ត្រូវបាន​រៀបចំ ដោយមាន​កត្តា​ចម្បង និង​ស្ថានភាព​ជាក់ស្ដែង​ពីរ​សំខាន់ៗ ពោលគឺ​៖

- ការបង្ហាញ​ពី​ទិន្នន័យ​នៃ​គម្រោង​វិនិយោគ ដែលមាន​អាទិភាព​ខ្ពស់ ដែលជា​គោលនយោបាយ​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ មាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣​។​

- ការចំណាយ​សរុប​សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣​។​

​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២១-២០២៣ ដែលមាន​តម្លៃ​សរុប​ប្រចាំឆ្នាំ ត្រូវបាន​រៀបចំឡើង ដោយ​ផ្អែកលើ​តម្រូវការ​ចំណាយ​សរុប សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដើម្បី​ឱ្យបាន​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ការប្រែប្រួល​ថ្លៃទំនិញ និង​អតិផរណា​ហើយក៏​ផ្អែកលើ​បរិមាណ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ដែល​ដៃគូ​អភិវឌ្ឍ​ធ្លាប់បាន​សន្យា​។​

​ក្នុង​ចំនួន​គម្រោង​សរុប ៦២៩​គម្រោង នៃ​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល​២០២១-២០២៣ នេះ មាន​ចំនួន ២០៣​គម្រោង ជា​គម្រោង កំពុងដំណើរការ ដែល​ត្រូវការ​ទុន​ចំនួន ៨ ៣៩៧ លាន​ដុល្លារ​អាមេរិក និង​ចំនួន ៤២៦​គម្រោង ជា​គម្រោង​សម្រាប់​អនុវត្ត​ផ​.​យ​.​អ​.​ជ ដែល​ត្រូវការ​ទុន​ចំនួន ៤ ៣៩៩ លាន​ដុល្លារ​អាមេរិក​។​

​ការ​វិភា​ជ​ទុន​ដល់​គម្រោង​នានារ​របស់​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២១-២០២៣ ទៅតាម​វិស័យ ដូច​បានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​២០១៩-២០២៣​រួមមាន​៖

- ៨,៩% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ​សរុប សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សង្គមកិច្ច​

- ៣៤,២% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ​សរុប សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យសេដ្ឋកិច្ច​

- ៥០,១% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ​សរុប សម្រាប់​អនុវត្ត​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​

- ៦,៨% នៃ​តម្រូវ​ការចំណាយ​វិនិយោគសាធារណៈ​សរុប សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេវា​និង​កម្មវិធី​អន្តរ​វិស័យ​។​

​ក្នុង​បរិការណ៍​នេះ ដើម្បី​សម្រេចបាន​នូវ​ចំណុច​ដៅ​នៃ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​ជារួម និង​តាម​វិស័យ​នៅក្នុង​ដំណាក់កាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ការធ្វើឱ្យ​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ក្លាយជា​ឧបករណ៍​ផ្នែក​គោលនយោបាយ សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ តាមរយៈ​ការស្នើ​ឡើង​នូវ​គម្រោង​វិនិយោគសាធារណៈ ដែល​អាចឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ការ​តម្រឹម​តម្រង់​ធនធាន​អភិវឌ្ឍន៍​ដ៏​មាន​កម្រិត​របស់​យើង មក​ជាមួយនឹង​អាទិភាព​របស់​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ទាមទារ​ឱ្យមាន​ការបន្ត​យកចិត្តទុកដាក់​ខ្ពស់​ពី​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ធានា​នូវ​គុណភាព​នៃ​ព័ត៌មាន ស្តីពី គម្រោង​វិនិយោគសាធារណៈ ដែល​ក្រសួង ស្ថាប័ន​ត្រូវ​ផ្តល់​មក​ក្រសួងផែនការ សម្រាប់​ការរៀបចំ​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល​។

បន្ទាប់ពីប្រជុំពិភាក្សារួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ បានសម្រេចអនុម័តទាំងស្រុងលើ “ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣” ។

សូមរម្លឹកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែតុលានេះ មានរបៀបវារៈ ដូចខាងក្រោម៖

១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។

២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។

៣-បញ្ហាៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖

៣.១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។

២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។

៣.៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលជាប់ទាក់ទង
ក្រុមគ្រូពេទ្យអះអាងថា លោក ដូណាល់ ត្រាំ ជាសះស្បើយពីកូវីដ-១៩ នឹងអាចវិលត្រឡប់ចូលរួមព្រឹត្តិការណ៍ជាសាធារណៈនៅចុងសប្តាហ៍នេះ
ព័ត៌មានជាតិ
ស្ថានប័នអន្តរជាតិធំៗចំនួនបី ​ផ្តល់ម៉ាស៊ីនជំនួយផ្លូវដង្ហើម៥០គ្រឿង ​បរិក្ខារពេទ្យ ​និងរថយន្តសង្គ្រោះបន្ទាន់ដល់កម្ពុជា​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទាំងស្រុង​លើ “​ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី ការទប់ស្កាត់​អំពើហិង្សា លើ​ស្ត្រី ២០១៩-២០២៣”
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19
ព័ត៌មានជាតិ
មានតែ ៦​គណបក្ស ដាក់​ភ្នាក់ងារ​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០
ព័ត៌មានជាតិ
ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ឡើង​ខ្ពស់ជាង​កម្រិត​ប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​លិច​ផ្លូវ ផ្ទះ និង​សាលាសង្កាត់ ក្នុង​ក្រុង​ពោធិ៍សាត់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី