(ភ្នំពេញ)៖ គ្រាន់តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មាន ១៦គណបក្ស ចូលរួមដែរ ក៏ប៉ុន្តែមានតែ ៦គណបក្សប៉ុណ្ណោះ ចាប់អារម្មណ៍ និងដាក់ភ្នាក់ងារសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់គ.ជ.ប គណបក្សទាំង ៦ ដែលបានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ចំនួន ៤០៣៣នាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សរុបចំនួន ៤៥២៩នាក់ គណបក្សខ្មែររួបរួមជាតិ ចំនួន ២៩២នាក់ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២២នាក់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ៤នាក់ និងគណបក្សយុវជនកម្ពុជា ម្នាក់។
សូមរម្លឹកថា មកដល់សព្វថ្ងៃនេះ យ៉ាងហោចណាស់ មានគណបក្សនយោបាយ ចំនួន ៤៥ ត្រូវបានក្រសួងមហាផ្ទៃ ចុះបញ្ជីស្របច្បាប់ នៅទូទាំងប្រទេស។ រីឯដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ធ្វើឡើង ចាប់ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០។ ដោយសារតែឆ្នាំនេះ មិនមែនជាឆ្នាំបោះឆ្នោត ទើបប្រជាពលរដ្ឋមួយចំនួន និងគណបក្សនយោបាយខ្លះ មិនសូវជាចាប់អារម្មណ៍នឹងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដែលគ.ជ.ប តែងតែធ្វើរៀងរាល់ឆ្នាំនេះប៉ុន្មានទេ៕




