(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កត់សម្គាល់ថា កម្ពុជា ស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ នេះបើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បន្តថា «កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។
កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជា នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។
មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើក ដូចជា ការសង្គ្រោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋាន ជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19។ រីឯការចំណាយចរន្ត ដូចជាប្រាក់បៀវត្សមន្ត្រីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ»៕




