(ថៃ)៖ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចដល់មន្ត្រីការទូត ដើម្បីត្រៀមរៀបចំកម្មវិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តិទៅនៅក្រសួងការបរទេសថៃ ក្រោមប្រធានបទ “Our Shared Culture, Our Shared Future” ដែលផ្តោតលើការពង្រឹងសាមគ្គីភាពរវាងយុវជនកម្ពុជា និងថៃ អមជាមួយការសម្តែងសិល្បៈរួមគ្នា ការបញ្ចាំងឃ្លីបវីដេអូស្តីពីចំណាប់អារម្មណ៍ប្រមុខការទូត និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការដាក់តាំងបង្ហាញផលិតផលវប្បធម៌ផងដែរ៕




