(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញប្រកាសនៅព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានចលនានៃការចូលមកបោះរបង ចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅទីតាំងដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការទប់ស្កាត់ ដោយបានធ្វើការរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញវិញ។
សេចក្តីប្រកាសបន្តថា ជាក់ស្តែង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ ក្រុមប្រជាពលរដ្ឋ ដែលមានការដឹកនាំបញ្ជាពីមេខ្យល់ បានចេញមកធ្វើការតវ៉ា និងរារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជាមន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ ( វិថីសម្តេចសង្ឃរាជ ទេព វង្ស ) ធ្វើឲ្យកកស្ទះ មិនអាចធ្វើចរាចរណ៍បាន ដែលទង្វើនេះ គឺជាការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាញ់បោកមេខ្យល់ ចូលមកចាប់ទន្ទ្រាន់យកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងចូលរួមក្នុងការប្រឆាំងតវ៉ា បិទផ្លូវសាធារណៈ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីបងប្អូន នៅតែបន្តធ្វើសកម្មភាព ដែលប្រាសចាកពីផ្លូវច្បាប់បន្តទៀត រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។
សេចក្តីប្រកាស បន្តថា កន្លងមក មានករណីក្រុមមេខ្យល់ បានបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលមកបោះរបង ចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការអប់រំ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ ចាកចេញពីទីតាំងដីរបស់រដ្ឋ និងបានធ្វើការរុះរើខ្ទម និងបង្គោលរបងទាំងនោះ ចេញចំនួន ៤លើករួចមកហើយ៕




