(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី ២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២០)។ នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមអបអរសាទរ តាមរយៈហ្វេសប៊ុក។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «នេះ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។ បច្ចុប្បន្នអង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕



