(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានកោះហៅអង្គការ WCS មកចូលរួមប្រជុំ តាមរយៈ Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំដើមត្នោត។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញាតឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្តល់កិច្ចសន្យាដោយផ្ទាល់ទៅឲ្យ WCS តាមរយៈកិច្ចសន្យា ADB IAIP CS04 ដើម្បីឲ្យអង្គភាពឯករាជ្យមួយនេះ ដឹកនាំធ្វើការអភិរក្សសត្វកម្រជិតផុតពូជ សត្វក្សឹប និងជំរុញខឿនផលិតកម្មដំណាំស្រូវ ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត។
ប៉ុន្តែក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «មួយរយៈកន្លងមកនេះ WCS មានការយឺតយ៉ាវជាទីបំផុត ដោយមិនបានបំពេញតាមនីតិវិធីហិរញ្ញវត្ថុ ជាធរមានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF» ក្រសួងធនធានទឹក និងឧតុនិយម បានបន្ថែមថា «ដោយមូលហេតុទាំងនេះហើយ ទើបឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ណែនាំជាកំហិតឲ្យ WCS ធ្វើការបំពេញតាមបែបបទរបស់ក្រសួង MEF ជាធរមានឲ្យបានឆាប់បំផុត ដោយមិនឲ្យលើសពីថ្ងៃស្អែក ត្រូវបញ្ចប់ឲ្យអស់ ដើម្បីឲ្យក្រសួងធនធានទឹក និងឧតុនិយម បន្តនីតិវិធីលើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនឹត ក្នុងខេត្តកំពង់ធំ ឲ្យបានឆាប់នាខណៈខាងមុខនេះ»។
កិច្ចប្រជុំតាមប្រព័ន្ធវិដេអូ នាព្រឹកថ្ងៃទី១៤ ខែធ្នូនេះ ចូលរួមដោយអគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួង MEF តំណាងជាន់ខ្ពស់របស់ក្រសួង MEF លោក លោកស្រី និងអ្នកនាងកញ្ញាពាក់ព័ន្ធជាច្រើនរូបពី ADB តំណាងជាន់ខ្ពស់របស់ ADB សហការីទាំងអស់ ដែលអញ្ជើញមកពីអង្គភាពនានា ចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម តំណាង និងក្រុមទីប្រឹក្សា ADBប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងលោក លោកស្រី នាងកញ្ញា តំណាងឲ្យ WCS៕





