(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ពីលទ្ធផលតេស្តលើកចុងក្រោយ គឺអវិជ្ជមានមេរោគកូវីដ-១៩។
សាររបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១៤ ខែធ្នូ ដែល Swift News ទទួលបានសម្តេចបានឲ្យដឹងថា៖ «ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើតេស្តលើកចុងក្រោយ និងទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺ # អវិជ្ជមានទាំងអស់ # ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ក្នុងការធ្វើតេស្តយកសំណាកខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ក៏ដូចជាក្រុមគ្រូពេទ្យទូទាំងប្រទេសដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន យ៉ាងសកម្មដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់។ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តអនុវត្តវិធានការទប់ស្កាត់ និងការពារខ្លួនកុំឲ្យឆ្លងជំងឺកូវិដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ»៕



