(ភ្នំពេញ)៖ គឺជាដំណឹងដ៏រីករាយ សម្រាប់ប្រទេសកម្ពុជាយើង ដោយនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ថ្មី ចំនួន ២នាក់ កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ និងមិនមានអ្នកឆ្លងថ្មីទេ។
អ្នកជាសះស្បើយទាំង ២នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
រីឯអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ម្នាក់ទៀត គឺជាបុរសជនជាតិខ្មែរ-អាមេរិក អាយុ ៤៩ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសចិន ( តៃវ៉ាន់ ) មកដល់កម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្នុងសេចក្តីប្រកាសនៅព្រឹកនេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ឡើយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែក លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក៏ត្រូវបានក្រសួងសុខាភិបាល លើកឡើងថា កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ មានវត្ថុសំណាកសរុប ៦៧៦២ សំណាក ដោយក្នុងចំនួននេះ មាន ៣៤៣៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៣ធ្នូ និងទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ នៅសល់វត្ថុសំណាក ៣៣២៤សំណាកទៀត ត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងសុខាភិបាល ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ ( ស្រី ១៩នាក់ និងប្រុស ២១នាក់ )។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៥៩នាក់ ( ស្ត្រី ៨៤នាក់ និងបុរស ២៧៥នាក់ )។ ក្នុងនោះ ៣០៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥០នាក់ កំពុងសម្រាកព្យាបាល រួមមាន ៣៤នាក់ ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ៩នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ និង ៧នាក់ សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន៕




