(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានទទួលថវិកាពីសប្បុរសជន សរុប ៣៦ ៨៧១ ៣៨១ ដុល្លារអាមេរិក សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ជំនួយនេះ គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះ មានលុយដុល្លារ ៣៦ ៤៩០ ២៨១ ដុល្លារ និងលុយខ្មែរ ១ ៥២៤ ៤០០ ០០០រៀល ( ស្មើ ៣៨១ ១០០ ដុល្លារ)។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមានបំណង ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយ ចំនួន ១លានដូស សម្រាប់ចាក់ជូន ៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។
ចាប់តាំងពីយប់ថ្ងៃទី៧ ខែធ្នូ សប្បុរសជន រួមមាន ឧកញ៉ា ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកតំណាងរាស្ត្រ ជាដើម បានចូលរួមបរិច្ចាគថវិកាតាមតិច តាមច្រើនជាបន្តបន្ទាប់។
សូមរម្លឹកថា សប្បុរសជនអាចចូលរួមបរិច្ចាគថវិកា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយការផ្ទេរប្រាក់រៀល និងប្រាក់ដុល្លារ មិនមានការបង់សេវាទេ៖
១.ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្ទ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយៈធនាគារ ABA លេខគណនី (001249176) Tep Sothy
៣.វីង ( Wing) គណនីប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991
៤.អេស៊ីលីដា គណនីប្រាក់រៀលគឺ 00010556999989, ប្រាក់ដុល្លារគឺ 00010556999999
៥.ចំពោះធនាគារវឌ្ឍនៈ គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7
៦.ចំពោះធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង មានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ»៕



