(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកព្រលឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនម្នាក់ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសឥណ្ឌូនេស៊ីនេះ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បានបន្តជើងហោះហើរ នៅប្រទេសសាំងហ្គាពួ មកដល់កម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតមកដល់ម៉ោង ៧ ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨១នាក់។ ក្នុងនោះ ២៧៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ស្ត្រីជនជាតិឥណ្ឌា និងបុរសឥណ្ឌូនេស៊ី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ បុរសជនជាតិហុងគ្រី និងបុរសជនជាតិបារាំង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ស្ត្រីជនជាតិខ្មែរ មកពីអាមេរិក នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង )៕




